ព័ត៌មានជាតិ

ពេជ្រ​ពណ៌​ផ្កា​ឈូក​លាយ​​​ស្វាយ​អាច​​មាន​គេ​ហ៊ាន​ឱ្យ​ថ្លៃ​៣៥​លាន​ដុល្លារ​

ពេជ្រ​ពណ៌​ផ្កា​ឈូក​លាយ​​​ស្វាយ​អាច​​មាន​គេ​ហ៊ាន​ឱ្យ​ថ្លៃ​៣៥​លាន​ដុល្លារ​

 

ទីក្រុង​ហុងកុង៖ ​​គ្រាប់​ពេជ្រ​ពណ៌​ផ្កា​ឈូក​ដ៏​កម្រ​ និង​ដេញ​ពន្លឺផ្លេក​ៗ​​​ទំហំ​១០​,៥៧​ការ៉ាត់​​​មួយ​គ្រាប់​​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​​​អឹត​ថឺណល​ ភីង (Eternal Pink) ឬ​គ្រាប់​ពេជ្រ​​ផ្កាឈូក​អមតៈ។ គេ​រំពឹង​ថា​នៅ​ក្នុង​ការ​ប្រកាស​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ទី​ក្រុង​ញូយ៉ក​នា​​ថ្ងៃ​ទី​៨ ខែ​មិថុនា​ខាង​មុខ​នេះ​ អាច​នឹង​មាន​អ្នក​ហ៊ាន​ឱ្យ​ថ្លៃ​ដល់​ទៅ​​៣៥​លាន​ដុល្លារ​​ ឬ​ច្រើន​ជាង​នេះ​ក៏​អាច​ថា​បាន​​។ នេះ​បើ​យោង​តាម​ការ​​បង្ហើប​ឱ្យ​ដឹង​ពី​ក្រុ​មហ៊ុន​សូត​ថឺប៊ី​ (Sotheby) ដែល​មាន​ជំនាញ​ខាង​ដាក់​លក់​ដេញ​ថ្លៃ​​គ្រឿង​អលង្ការ​។​

លក្ខណៈ​ពិសេស​របស់​គ្រាប់​ពេជ្រ​នេះ​​នៅ​ត្រង់​ថា​វា​មាន​សម្បុរ​ជ្រះ​ថ្លា​ ស្រស់​ឆើត​ ពណ៌​ស្វាយ​ លាយ​​ស៊ី​​ជម្ពូ​​​ ដែល​​ត្រូវ​គេ​ចាត់​ទុក​​ថា​​ជា​ករណី​ដ៏​កម្រ​បំផុត​​។ កាល​ពី​ពេល​កន្លង​មក​, គេ​ធ្លាប់​​ឮ​​គ្រាប់​ពេជ្រ​​ពណ៌​​​ផ្កា​ឈូក​តែ​មួយ​មុខ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពុំ​ធ្លាប់​ឮ​​ពេជ្រ​ផ្កា​ឈូក​​លាយ​ពណ៌​ស្វាយ​​ទាល់​តែ​សោះ​​​​​។ ពេជ្រ​នេះ​ត្រូ​វគេ​ច្នៃ​ម៉ូត​ចេញ​​ជា​រាង​ខ្នើយ​កើយ ឬខាស់​សឹន សេប (cushion shape) និង​ជា​គ្រាប់​ពេជ្រ​ដែល​ពេញ​ទឹក​ល្អ​១០០%​ គ្មាន​ប្រជ្រុយ​ ​និង​គ្មាន​​ស្នាម​អុជ​សូម្បី​តែ​១​​ចំណុច​នៅ​ក្នុង​បណ្ដូល​ពេជ្រ​។​

 

លោក​ហ្វ្រេង​ អេវើរ៉េត (Frank Everett) ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​​ក្រុម​ហ៊ុន​សូត​ថឺប៊ី​​។ លោក​ឱ្យ​ដឹង​ថា​​ «​ពេជ្រ​អឹត​ថឺណល ភីង ដែល​​​មាន​ពណ៌​រលាយ​​​សាច់​មួយ​​រវាង​ស៊ី​ជម្ពូ និង​ពណ៌​ស្វាយ​​​នេះ សឹង​តែ​ថា​ជា​លក្ខណៈ​ពិសេស​តែ​មួយ​គត់​ដែល​គ្មាន​គ្រាប់​ពេជ្រ​ណា​មាន​ដូច​​។​ ​​ពណ៌​ស្វាយ​​របស់​ពេជ្រ​នេះ​ធ្វើ​ឱ្យ​ពណ៌​ផ្កា​ឈូក​របស់​វា​មាន​លក្ខណៈ​ភ្លឺ​ថ្លា​កាន់​តែ​ខ្លាំង​​​​ ហើយ​ធ្វើ​ឱ្យ​ពណ៌​ទាំង​២​នេះ​រលាយ​សាច់​មួយ​ចូល​គ្នា​ខ្លាំង​មែន​ទែន​​»​។​

«​នៅ​ពេល​លោក​អ្នក​សម្លឹង​ចូល​ទៅ​ក្នុង​បណ្ដូល​ពេជ្រ​កាន់​តែ​យូរ​, អ្នក​នឹង​ឃើញ​ថា​ពេជ្រ​នេះ​មាន​សម្បុរ​ផ្កាឈូក​ថ្លា​គ្មាន​ចំណុច​ល្អក់​សូម្បី​តែ​បន្តិច​ចាប់​ពី​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង​ទៀត​​»​។ លោក​អេវើរ៉េត​រំពឹង​ថា​​​​ពេជ្រ​​ពណ៌​ផ្កាឈូក​​លាយ​​ស្វាយ​មួយ​គ្រាប់​នេះ​​អាច​នឹង​មាន​គេ​ហ៊ាន​ឱ្យ​ថ្លៃ​លើស​ពី​៣៥​លាន​ដុល្លារ​។​

 

​ជា​ទូទៅ​, គ្រាន់​តែ​គ្រាប់​ពេជ្រ​ដែល​មាន​ពណ៌​ផ្កា​ឈូក​អាច​លក់​បាន​ថ្លៃ​ដល់​ខ្ទង់​លាន​ដុល្លារ​បាត់​ទៅ​ហើយ​​ ព្រោះ​វា​ជា​គ្រាប់​ពេជ្រ​ដ៏​កម្រ​។ ​បន្ថែម​ពី​លើ​នេះ​, នៅ​ពេល​​​​​ពេជ្រ​​មាន​ពណ៌​ផ្កា​ឈូក​​លាយ​ពណ៌​ស្វាយ​ថែម​ទៀត​​ធ្វើ​ឱ្យ​វា​រឹត​តែ​មាន​តម្លៃ​​។​ ​​«​យើង​​មិន​​នឹក​ស្មាន​​ទាល់​តែ​សោះ​ថា​ពេជ្រ​មួយ​គ្រាប់​នេះ​មាន​សភាព​ភ្លឺ​ថ្លា​​ និង​​ម៉ដ្ឋ​ចូល​គ្នា​យ៉ាង​ល្អឆើត​ បញ្ចេញ​ពណ៌ និង​រស្មី​យ៉ាង​ចិញ្ចាច។ ​ពេជ្រ​ទំហំ​ជាង​១០​ការ៉ាត់​អាច​បញ្ចេញ​ពណ៌ និង​ពន្លឺ​ប៉ុណ្ណេះ​អាច​ចាត់​ទុក​ថា​វិសេស​វិសាល​បំផុត​​​»​។​ នេះ​បើ​យោង​តាម​សម្ដី​លោក​​ហ្វ្រេង​ អេវើរ៉េត​​។​

​គ្រាប់​ពេជ្រ​នេះ​​ត្រូវ​​គេ​​ជីក​បាន​ពី​អណ្ដូង​រ៉ែ​នៃ​ប្រទេស​បត់​ស្វាណា (Botswana) នៅ​តំបន់​អាហ្វ្រិក​ខាង​ត្បូង​កាល​ពីឆ្នាំ​២០១៩​។ ​​កាល​នោះ​​​​​, វា​មាន​ទំហំ​​​​​២៣,៧៨​ការ៉ាត់។​​​ ​ប្រើ​ប្រាស់​រយៈ​ពេល​៦​ខែ​​​, គេ​​កែ​ច្នៃ​បាន​ជា​​​គ្រាប់​ពេជ្រ​ផ្កា​ឈូក​អមតៈ​ទំហំ​១០,៥៧​ការ៉ាត់ ​ដែល​មាន​រូប​រាង​ដូច​ខ្នើយ​កើយ​។ សូម​ជម្រាប​ថា​ មុន​ពេល​ប្រកាស​​ដាក់​លក់​ដេញ​ថ្លៃ​ជា​ផ្លូវ​ការ​, ​គេ​នឹង​នាំ​យក​គ្រាប់​ពេជ្រ​នេះ​ទៅ​ដាក់​តាំង​ពិព័រណ៍​នៅ​ទីក្រុង​ហុង​កុង​​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​មេសា​។ បន្ទាប់​មក​ នឹង​យក​ទៅ​តាំង​ពិព័រណ៍​នៅ​ទី​ក្រុង​ធំ​ៗ​មួយ​ចំនួន​ទៀត​៕​​​​

ប្រភព៖ New York Post, USA Today

crt

Leave a Reply

Your email address will not be published.