អាជ្ញាធរស្រុកទឹកឈូ នឹងផ្អាកអាជីវកម្មអាហារដ្ឋានមួយកន្លែង បើនៅបន្តបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូ

CRT News


ខេត្តកំពត ÷អាជ្ញាធរស្រុកទឹកឈូ និងសមត្ថកិចក្ចក្នុងដែនជំនាញនឹងប្រើសិទ្ធិបញ្ឈប់អាជីវកម្មមួយកន្លែង ប្រសិនបើម្ចាស់អាហារដ្ឋាននៅតែបន្តបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ដែលភ្ញៀវទេសចរតែងនិយមចុះងូតទឹក ហែលលេងកម្សាន្តនោះ។


ក្រោយមានការថតរូបវីដេអូបង្ហោះតាមហ្វេសប៊ុក ស្តីពីសកម្មភាពបង្ហូរទឹកកខ្វក់ចេញពីអាហារដ្ឋាន " ម៉ាក់ឈូឈូ " ចូលក្នុងជ្រោះទឹកឈូ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះពិនិត្យផ្ទាល់ដើម្បីបញ្ជាក់ការពិត។


ពាក់ព័ន្ធករណីខាងលើ រដ្ឋបាលស្រុកទឹកឈូបានចេញសេចក្តីប្រកាសព័ត៌មានក្នុងខ្លឹមសារថា ក្រុមការងាររដ្ឋបាលស្រុក-ឃុំសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍ខេត្តកំពតបានចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា សំណល់រាវពិតជាបានហៀរចេញពីអាហារដ្ឋាន "ម៉ាក់ឈូឈូ " ដោយម្ចាស់អាហារដ្ឋាននេះ បានលបលួចបង្ហូរចូលក្នុងជ្រោះទឹកឈូប្រាកដមែន។ ក្រុមការងារបានធ្វើកំណត់ហេតុ និងដាក់កិច្ចសន្យាយ៉ាងម៉ឺងម៉ាត់ដោយតម្រូវឲ្យម្ចាស់អាហារដ្ឋានបញ្ឈប់សកម្មភាពបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូជាបន្ទាន់។ ប្រសិនបើមានករណីបែបនេះបន្ត ម្ចាស់ទីតាំងនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសមត្ថកិច្ចដែនជំនាញនឹងបញ្ឈប់អាជីវកមកមតែម្តង។


សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់ផងដែរថា÷ ជាមួយបេសកកម្មនេះ ក្រុមការងារក៏បានចុះពិនិត្យគ្រប់ទីតាំងនៃរមណីយដ្ឋាននៅតំបន់ទឹកឈូទាំងអស់ តែក្រៅពីអាហារដ្ឋាន " ម៉ាក់ឈូឈូ " ពុំឃើញកន្លែងផ្សេងទៀតបង្ហូរទឹកកខ្វក់ចូលជ្រោះទឹកឈូនោះឡើយ។


ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំងត្រូវរៀបចំអាងចម្រោះ ឬធុងស្តុកទឹកតាមលក្ខណៈបច្ចេកទេសឲ្យបានឆាប់រហ័ស ដើម្បីបញ្ចៀសករណីហៀរចូលក្នុងជ្រោះដែលភ្ញៀវតែងនាំគ្នាហែលលេងកម្សាន្តនេះ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top