រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានសម្រេចកោះហៅលោកវរសេនីយ៍ទោ សាន សាធុកា ឋានៈ អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកធ្វើការសាកសួរបំភ្លឺជុំវិញ ករណីការបង្ហោះផ្សព្វផ្សាយ ជាសាធារណៈជុំវិញ ការជំរិតទារប្រាក់ពី អ្នករកស៊ីអនឡាញចំនួន៥០០ដុល្លារ ដើម្បី នាយកដ្ឋានមានមូលដ្ឋានច្បាស់លាស់ ក្នុងការអនុវត្តនីតិវិធីបន្ត។
បើតាមសេចក្តីបំភ្លឺព័ត៌មាន នាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នាថ្ងៃ២២ មេសា ឆ្នាំ២០២៥ ការកោះហៅវរសេនីយ៍ទោ សាន សាធុកា មកសួរនាំនេះ បន្ទាប់ពីនាយកដ្ឋានបានពិនិត្យឃើញថា៖ នៅលើបណ្តាញទំនាក់ទំនងសង្គម មួយចំនួន មានការបង្ហោះផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារថា៖ «លោកវរសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុកា) អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ រងការចោទប្រកាន់ថា៖ បានជំរិតលុយប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ ផលិតផលតាមអនឡាញបន្តិចបន្តួច ដើម្បី ចិញ្ចឹមក្រពះចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក» ៕