ខេត្តត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងសាច់ញាតិ និងកូនចៅ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៥ឆ្នាំ ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យមហាឧបាសកលីន គ្រី នៅថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។
ពិធីបុណ្យនេះត្រូវបានធ្វើប្រារព្ធធ្វើឡើងនៅក្នុងបរិវេនប្រាង្គដែលជាទីដ្ឋានបញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា និងព្រឹទ្ធាចារ្យមហាឧបាសកលីនគ្រី ជាមាតាបិតា បង្កើតរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងជាមាតាបិតាក្មេករបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ស្ថិតនៅក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ដោយពិធីបុណ្យបានប្រព្រឹត្ដទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅរាត្រីថ្ងៃសៅរ៍ ៧កើត ខែពិសាខឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោហ៊ុនសែន បានអារធនាយាងនិមន្ត សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹម ហេង សម្តេច ព្រះសង្ឃនាយក នៃព្រះរាជាណាក្រកម្ពុជា និងសម្តេច ព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រោះព្រហ្មពុទ្ធជ័យមង្គលដល់ប្រទីបជ្វាលា មុននឹងដង្ហែយកទៅបណ្តែត នៅក្នុងគង្គាស្រះខាងមុខប្រាង្គ ដែលជាទីដ្ឋានបញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា និងព្រឹទ្ធាចារ្យមហាឧបាសកលីនគ្រី ជាមាតាបិតា បង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាបិតាក្មេករបស់ សម្តេចតេជោហ៊ុនសែន។
ការណ្តែតប្រទីបជ្វាលាក្នុងគង្គាស្រះនេះ គឺជាការគោពដឹងគុណដ៍ធំធេងចំពោះមាតាបិតា ដែលលោកបានផ្តល់កំណើត និងចិញ្ចឹមបីបាច់ថែទាំកូនៗប្រកបដោយគុណធម៌ព្រហ្មវិហារធម៌ តាំងពីតូចរហូតធំពេញវ័យ ដោយទទួលបានឱកាសក្លាយជាអ្នកដឹកនាំឆ្នើម ដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស គោរពស្រឡាញ់ និងផ្តល់តម្លៃខ្ពស់បំផុត។ ការបណ្តែតប្រទីជ្វាលា នៅក្នុងពេលនេះ ក៏ជាកាបង្ហាញអំពី ការបន្តថែរក្សា វប្បធម៌ អរិយធម៌របស់ប្រជាជាតិខ្មែរយើង តាំងពីបុណរាណកាលមក ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បើទោះបីជាការប្រារព្ធពិធីបុណ្យនាពេលនេះ មានលក្ខណឯកជនក្នុងរង្វង់គ្រួសារក៏ពិតមែន តែវាបានបង្កប់នូវអត្តន័យ ដ៍ធំធេងផ្សារភ្ជាប់ រវាងការគោរពដឹងគុណចំពោះមាតាបិតា ជាមួយនឹងទំនៀមទំលាប់ ប្រពៃណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិ ដែលប្រជាជាតិកម្ពុជាយើងតែងតែនាំគ្នាគោរពប្រតបត្តិតាំងពីដើមរៀងមកផងដែរ។
កម្មវិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៥ឆ្នាំ ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង ឧទ្ទិសមហាកុសល ជូនវិញ្ញាណក្ខន្ធ មហាឧបាសក លីនគ្រី បានឈានចូលដល់ព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២៥ ដែលក្នុងព្រឹកនេះ បានអារធនា យាងនិមន្ត សម្ដេច ព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះពុទ្ធជ័យមុន្នីបណ្ឌិត ឃឹមសន សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃ ៧អង្គទៀត សរុប៩ព្រះអង្គ សូត្រមន្តចម្រើនព្រះបរិត្តសមាទានសីលតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីរំឭកនឹកគុណ ព្រះរតនត្រៃ និងព្រះសម្មាសម្ពុទ្ធ ព្រះមរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាលបន្សល់ទុកឱ្យពុទ្ធបរិស័ទ គ្រប់ជំនាន់គោរពប្រតិបត្តិ រហូតដល់ពេលបច្ចុប្បន្ន។
ពុទ្ធឱវាទនិងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ឱ្យប្រកាន់ខ្ជាប់នូវអំពើល្អអំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុកសម្រាប់ អនាគតជាតិ។ ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវគោរពប្រតិបត្តិ និងដឹងគុណចំពោះបុព្វការីជន មានមាតាបិតាទាំងរូបលោក នៅមានអាយុសង្ខាក្ដី ឬមរណៈកាលទៅហើយក្ដី ដូចដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកឧកញ៉ាមង្គល សោភ័ណ្ឌ ជាបុត្រាបុត្រី និងចៅៗ ព្រមទាំងក្រុមគ្រួសារ បាននឹងកំពុងប្រណិបត្តិក្នុងពេលនេះ គឺបានបង្ហាញនូវក្តីស្រឡាញ់កត្តញូកត្តវេទិតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជាការតបស្នងសងគុណចំពោះបុព្វការីជន គឺអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុនស៊ាងលី និងព្រឹទ្ធាចារ្យមហាឧបាសក លីន គ្រី ដែលបានធ្វើមរណកាលទៅកាន់បរលោកខាងមុខយ៉ាងពិតប្រាកដ។