ក្រសួងព័ត៌មាន និងនិយ័តករមូលបត្រកម្ពុជា ចុះអនុស្សារណៈយោគយល់គ្នាដើម្បីលើកកម្ពស់ការផ្សព្វផ្សាយនៃការយល់ដឹងទីផ្សារមូលបត្រនៅកម្ពុជា

CRT News


រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន។



ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះនឹងជួយជំរុញដល់ការផ្សព្វផ្សាយកាន់តែទូលំទូលាយដល់សាធារណៈជនពិសេសប្រជាពលរដ្ឋដែលមិនទាន់យល់ច្បាស់អំពីវិស័យមូលបត្រនេះអាចយល់ដឹងកាន់តែច្បាស់ពីកាលានុវត្តភាពរបស់វិស័យមូលបត្រកម្ពុជា ដើម្បីឈានទៅចាប់យកឱកាសវិនិយោគក្នុងវិស័យមូលបត្រ និងពង្រីកការវិនិយោគ។


ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានថ្លែងថា កន្លងមកប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ទៅលើនិយ័តករមូលបត្រ និងក៏ដូចជាការយល់ដឹងលើវិស័យនេះនៅមានកម្រិតនៅឡើយ ហើយហេតុនេះការរួមគ្នាផ្សព្វផ្សាយជាផ្នែកមួយសំខាន់ដើម្បីឱ្យពួកគាត់បាននូវការយល់ដឹង និងចូលរួមនៅក្នុងវិស័យមូលបត្រនៅកម្ពុជា ដែលជាវិស័យសំខាន់មួយនៅក្នុងចំណោមវិស័យហិរញ្ញវត្ថុដ៏ទៃទៀត ដែលជាចលករដ៏សំខាន់នៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច កម្ពុជា។


បើតាមឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រ គឺជាប្រភពនៃឱកាសសម្រាប់ការសិក្សារៀនសូត្រពីវិស័យហិរញ្ញវត្ថុ និងជាប្រភពឱកាសសម្រាប់ការវិនិយោគផ្ទាល់ផងដែរ ពោលគឺជាវិស័យមួយដែលអនុញ្ញាតឱ្យអ្នកវិនិយោគពីគ្រប់ប្រភពទាំងអស់អាចធ្វើពិពិធកម្មការវិនិយោគដើម្បីបង្កើននូវចំណូលបន្ថែម និងគ្រប់គ្រងហានិភ័យរបស់ខ្លួនផងដែរ។


ឯកឧត្តម ស៊ូ សុជាតិ បានបន្ថែមថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងព័ត៌មានដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយ និងព្រមជាមួយគ្នាវាក៏បានបង្ហាញឱ្យឃើញថា វិស័យមូលបត្រកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការជួយជ្រុំជ្រែងដល់អ្នកវិនិយោគទាំងអស់ នៅក្នុងការធ្វើពិពិធកម្មនៃការវិនិយោគ និងគ្រប់គ្រងហានិភ័យរបស់ពួកគេ ក្នុងទិសដៅធ្វើយ៉ាងណាដើម្បីជំរុញការអភិវឌ្ឍវិស័យហរិញ្ញវត្ថុកម្ពុជា និងការរីកចម្រើនសេដ្ឋកិច្ចជាតិ។


សូមជម្រាបថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីទីផ្សារនិយ័ករមូលបត្រកម្ពុជាមានសរុបចំនួន២៥ ដែលចាប់ផ្តើមតាំងតែពីឆ្នាំ២០១២មានតែ១ក្រុមហ៊ុនប៉ុណ្ណោះ។ បច្ចុប្បន្ននេះដែរបានបែងចែកផលិតផលជា២ គឺមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុល (សញ្ញាបណ្ណ)។


អនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មានទាំងអត្ថបទ រូបថត រូបភាព វីដេអូរបស់និយ័តករមូលបត្រកម្ពុជា ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយគុណភាព ទៅដល់សាធារណជនទូទៅ ជាអាទិ៍ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទទួលបានតាមគ្រប់ទម្រង់ និងមធ្យោបាយនៃការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយប្រកបដោយជំនឿ ទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។


តាមរយៈការចុះអនុស្សរណៈនេះដែរ ក៏ជាកិច្ចសហការផលិតនូវមាតិកានានារបស់និយ័តករមូលបត្រកម្ពុជា ឱ្យកាន់តែច្រើនសម្បូរបែប ដោយស្របតាមសម័យកាលនៃព័ត៌មានឌីជីថល និងដើម្បីចូលរួមធ្វើការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។ 


ផ្លាស់ប្តូរទស្សនកិច្ចសិក្សា កម្មសិក្សា ការសិក្សាស្រាវជ្រាវរួមគ្នា វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ និងមន្ត្រីរបស់ស្ថាប័នទាំងពីរ។ រួមជាមួយកិច្ចសហការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍សម្រាប់អ្នកសារព័ត៌មាន។

វិស័យមូលបត្រគ្រប់គ្រងដោយ និយ័តករមូលបត្រកម្ពុជា ជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top