រាជធានីភ្នំពេញ ៖ ការធ្វើវិសោធនកម្មមាត្រា៣៣ រដ្ឋធម្មនុញ្ញានឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ ចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុ.បឃិ.តគ្នាជាមួយបរទេស ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខណៈដែលវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ ដែលអនុញ្ញាតឱ្យអាចដកសញ្ជាតិពីពលរដ្ឋខ្មែរណាដែលចូលដៃជើងជាមួយបរទេសត្រូវបានសមាជិកសភាទាំង១២៥រូបស្មើនឹង១០០%នៃសមាជិកសភាទាំងមូលនៅក្នុងសម័យប្រជុំសភាពេញអង្គ ។
ថ្លែងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា៖ ការធ្វើវិសោធនកម្មមាត្រា៣៣នេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេសដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្ត របស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ ។
ផ្នែកតាមមូលដ្ឋានខាងលើ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតរួមគ្នាក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានូវអត្ថបទនៃសេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ ដើម្បីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់មានព្រះរាជតម្រិះពីគ្រោះមតិ ក្រុមប្រឹក្សាធម្មនុញ្ញ ស្របតាមមាត្រា១៤៣ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានផ្ញើព្រះរាជសារតប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយភ្ជាប់នូវមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ។ ផ្អែកតាមលិខិតចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាធម្មនុញ្ញ, ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ៖ (១)សចក្តីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុង ភាពអាសន្ន និង(២) សេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានេះអាចធ្វើទៅបាន ។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា៖ ខ្លឹមសារនៃវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានដូចតទៅ ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ ។ ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិខ្មែរ ត្រូវកំណត់ក្នុងច្បាប់ ។ នៅបណ្ដាប្រទេសចំនួនប្រមាណ១៥០ នៅលើពិភពលោក, នៅអាស៊ីមាន២៨ប្រទេស, នៅអឺរ៉ុបមាន១៨ប្រទេស សុទ្ធតែមានច្បាប់ដកសញ្ជាតិ ។
ក្នុងនោះមានប្រទេសដែលជាបិតាប្រជាធិបតេយ្យ រួមមាន អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក សិង្ហបុរី ឥណ្ឌា និងកូរ៉េខាងត្បូង។ល។ នេះបើតាមឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗចំនួន៣ ដែលវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញបម្រើដល់ឧត្តមប្រយោជន៍ដ៏សំខាន់សម្រាប់ជាតិរួមមាន ៖
១៖ វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ មានគោលបំណងសំខាន់ ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោល គឺការលើកកម្ពស់ឧត្តមគតិជាតិ, មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជារបស់ខ្លួននៅគ្រប់កាលៈទេសៈទាំងអស់ ហើយតាមរយៈវិសោធនកម្មមាត្រា៣៣នេះ នឹងបើកផ្លូវឱ្យមានការរៀបចំឱ្យមានក្របខ័ណ្ឌច្បាប់ដើម្បីដកសញ្ជាតិខ្មែរ ដែលក្របខ័ណ្ឌច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ដើម្បីការពាររដ្ឋ
ពិសេសប្រឆាំងនឹងពលរដ្ឋខ្មែរណា ដែលឃុបឃិតជាមួយបរទេសប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ, សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ ។
២៖ ដើម្បីធានាការគោរពមាត្រា៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តីនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរឡើយ» ។
៣៖ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេសការប្រឆាំងនឹងអំពើឃុបឃិតគ្នាជាមួយនឹងបរទេស ប្រព្រឹត្តអំពើក្បត់ជាតិឯង ឬធ្វើសកម្មភាពបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ, សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ ។
បើតាមសេចក្តីថ្លែងហេតុបានលើកឡើងថា៖ យោងតាមការសិក្សាស្រាវជ្រាវការដកសញ្ជាតិខ្មែរពីពលរដ្ឋរបស់ខ្លួនណាម្នាក់មិនមែនជារឿងថ្មីនោះទេ ។ សម្រាប់កម្ពុជា, កាលពីសម័យមុនក៏មានច្បាប់កំណត់អំពីដកសញ្ជាតិខ្មែរដូចជា ក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ ដែលត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ និងច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ដែលត្រូវបានប្រកាសឱ្យរប្រើតាមព្រះរាជក្រមលេខ ៣៧៧/៦៨ ប.រ. ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ជាដើម ។
ទន្ទឹមនេះ នៅបណ្តាប្រទេសជាច្រើនដូចជា បារាំង, អាមេរិក, អង់គ្លេស, អាល្លឺម៉ង់, អូស្ត្រាលី, អ៊ីតាលី ប៊ែលហ្សិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ញាតិពីរាលរដ្ឋរបស់ខ្លួន ជាពិសេសក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យនេះពាល់ដល់វិស័យសន្តិសុខជាតិ៕