ខេត្តកណ្ដាល៖ បន្ទាប់ពីមានអង្គភាពសារព័ត៌មានមួយចំនួន ចុះផ្សាយជុំវិញករណីនៃការធ្វើសកម្មភាពដោយគ្រឿងចក្រ ដើម្បីយកដីចាក់លើបឹងរបស់រដ្ឋដែលមានទំហំប្រមាណជាងមួយហិចតា នៅក្នុងទីតាំងជាប់ទីកន្លែងចិញ្ចឹមត្រីដ៏ធំមួយនោះ នៃផ្ទៃដីបឹងសរុបប៉ុន្មានជាង២ហិចតា ដែលស្ថិតនៅក្នុងទីតាំងភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ឥឡូវត្រូវបានអាជ្ញាធររដ្ឋបាលស្រុកពញាឮ រក្សាគ្រឿងចក្រ នោះទុក ដើម្បីផ្អាកសកម្មភាពបន្តទៅទៀតហើយ!។
សូមបព្ជាក់ថា៖ មានគ្រឿងចក្ររបស់ម្ចាស់ទីតាំងចិញ្ចឹមត្រី ដ៏ធំមួយកន្លែង មានផ្ទៃដីរាប់សិបហិចតា ជាប់នឹងផ្ទៃបឹងរបស់រដ្ឋប្រមាណជាង ២ហិចតា ដែលជាបឹងសម្រាប់ពលរដ្ឋអាស្រ័យផល ជាយូរឆ្នាំមកហើយ គឺបានធ្វើសកម្មភាពក្នុងការចាក់ដីរបស់ខ្លួនហ៊ាចូលបឹងរបស់រដ្ឋមួយចំនួន នាំឱ្យសាធារណៈជនមានប្រតិកម្មយ៉ាងខ្លាំងចំពោះទង្វើរ និងសកម្មភាពទាំងនោះ។
ពលរដ្ឋមួយចំនួនបានលើកឡើងថា៖ កន្លងមកមានទីតាំងផ្លូវដែលត្រូវចូលក្នុងផ្ទៃបឹងនោះ ក៏ត្រូវបានបិទដោយសារតែមានការធ្វើផ្លូវថ្មីក្បែរផ្លូវចាស់ ដែលមានប្រវែងមិនឆ្ងាយពីផ្លូវអ្នកភូមិជិះរាល់ថ្ងៃ។
ជាងនេះទៅទៀត មានប្រភពមួយចំនួននៅតែ អះអាងទៀតថា៖ ដោយសាររឿងបឹងនេះទៀតផងដែរនោះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការតវ៉ាចំពោះការមិនត្រូវរ៉ូវគ្នា ទៅលើការផ្លាស់ប្ដូរបឹងរបស់រដ្ឋទៅជា(កម្មសិទ្ធិឯកជន)។
ការលើកឡើងរបស់ពលរដ្ឋមិនខុសពី លោក សេង ពៅ ជាមេភូមិចុងកោះ បានបញ្ជាក់មកអង្គភាពសារព័ត៌មាន ដែលបានចុះជាមួយនឹងលោកផ្ទាល់ដើម្បីធ្វើការសាកសួរជុំវិញករណីខាងលើនេះ នៅក្នុងភូមិសាស្ត្រទីតាំងក្បែរបឹងនោះ ស្ថិតនៅ ភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ដោយ លោកបានបញ្ជាក់ច្បាស់ៗ មកកាន់អង្គភាពសារព័ត៌មានយើងថា៖ រឿងគ្រឿងចក្ររបស់ម្ចាស់ទីតាំងចិញ្ចឹមត្រីបានធ្វើសកម្មភាពចាក់ចូលដល់មាត់បឹងរបស់រដ្ឋពិតប្រាកដមែន !ហើយលោកក៏បានរាយការណ៍ជូនរដ្ឋបាលស្រុកពញាឮ ដើម្បីចុះពិនិត្យមើលផងដែរ ដើម្បីធ្វើនីតិវិធី។
ដោយឡែកនោះផងដែរ ចំពោះបញ្ហាដែលកន្លងមកប្រជាពលរដ្ឋដែលមានចំនួន ជាងគ្រួសារ បានព្រមព្រៀងគ្នាពិតប្រាកដមែននៅក្នុងការធ្វើការដោះដូរដីរបស់រដ្ឋ ដើម្បីឲ្យមានការកាន់កាប់ពីបុគ្គលឯកជនកន្លងមកក៏ប៉ុន្តែនៅក្នុងចំណោមពលរដ្ឋ ៣២៥គ្រួសា រនោះ ក៏មានប្រជាពលរដ្ឋប្រមាណជាង ១០គ្រួសារមិនយល់ស្របចំពោះការដោះដូរបឹង ឬយើងអាចនិយាយថា៖ លក់បឹងរបស់រដ្ឋនោះទេ។
ប្រសិនបើមានការយល់ស្របគ្នានោះ ច្បាស់ណាស់! ប្រជាពលរដ្ឋមួយគ្រួសារ ទទួលបានសាច់ប្រាក់ ចំនួនមួយលានរៀល គីស្មើនឹង ២៥០ដុល្លារសហរដ្ឋអាមេរិក បាត់ទៅហើយ។
លោកមេឃុំ សេង ពៅ នៅតែប្រកាន់ចំហរថា៖ លោកក៏មិនចុះហត្ថលេខា ចំពោះអំពើខុសច្បាប់ណាមួយឡើយ! លើកលែងតែមាន (ស.ជ.ណ) របស់រដ្ឋ ដែលផ្ដល់មកតាមនីតិវិធីច្បាប់ទើបលោកអនុវត្តទៅតាមគោលការណ៍នៅក្នុងកិច្ចព្រមព្រៀងលើកិច្ចសន្យាណាមួយនោះ។ ហើយករណីបញ្ហាអ្នកទាំងនេះដែលគ្រឿងចក្រ បានចាក់ចូលបឹងរបស់រដ្ឋនោះ គឺរង់ចាំរដ្ឋបាលស្រុក ត្រូវធ្វើការនីតិវិធីបន្តឲ្យកាយដីនោះឡើងយ៉ាងណា យើងនឹងចាំមើលជាក់ស្ដែងនៅពេលថ្ងៃបន្ទាប់ទាំងអស់គ្នា។
សូមរំលឹកឡើងវិញផងដែរថា៖ បឹងដែលមានឈ្មោះថា ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល អតីតកាលប្រជាពលរដ្ឋបានអាស្រ័យផលចំពោះទឹកបឹងនោះ ដើម្បីធ្វើស្រែចំការផង និងរកម្ហូបចំណីរដូចជា៖ ត្រី, ក្តាម, ខ្យង, សម្រាប់ជីវភាពជីវិតរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថ្មីៗនេះមានអ្នកមានលុយមួយចំនួនក៏ទិញដីក្បែរៗនោះព័ទ្ធជុំវិញស្ទើតែអស់ហើយនៅឡើយ! តែបឹងមួយនេះដែលមិនមានអ្នកណាទិញ ក៏ប៉ុន្តែនៅតែអ្នកមានបំណងឃើញបឹងនេះហាក់ដូចជាសត្វឃ្មុំចង់ក្រេបផ្កា។
ជាងនេះទៅទៀតបើយោងតាមការលើករឡើងបន្តទៀតរបស់ប្រជាពលរដ្ឋមួយចំនួនបានអះអាងថា៖ ស្ងាត់ៗ មានការចាក់លុបដែលឈានទៅដល់មានព័ត៌មានផ្ទុះឡើងដោយមានការសង្ស័យចំពោះការចង់បានបឹងនេះជាកម្មសិទ្ធិរបស់ខ្លួន។
តែទោះជាយ៉ាងណាក៏ដោយក្នុងសេចក្តីអះអាង៖ និងការផ្ដល់ប្រភពពលរដ្ឋយ៉ាងច្បាស់មកថា ស្ថានភាពនៃបឹងនោះ គឺមិនទាន់មានបុគ្គលណាទទួលប្រាក់ពីនរណានោះនៅឡើយនោះទេ! ហើយរឹតតែច្បាស់ថាមេភូមិ និង មេឃុំ គឺមិនអាចចុះហត្ថលេខាក្នុងការធ្វើសកម្មភាពណាមួយនោះទេ! បើមិនមានពលរដ្ឋទទួលស្គាល់យល់ព្រមទាំងអស់នោះ!!!។ លោកបន្តទៀតថា៖ តែទោះជាពេលនេះពិនិត្យមើលថាមិនទាន់មានការអភិវឌ្ឍន៍ឬក៏ធ្វើអ្វីនោះនៅឡើយទេ។
សារព័ត៌មានរបស់យើងនឹងរង់ចាំតាមដានពិនិត្យមើល អំពីបឹងដែលមានភូមិសាស្ត្រ ភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ខាងលើនេះថា៖ ជាការចាក់អាចម៍ដីទាំងនោះដោយចេតនា ឬក៏ជាអចេតនារបស់ម្ចាស់គ្រឿងចក្រដែលមានអាជីវកម្មចិញ្ចឹមត្រីនៅទីនោះ។
សាធារណជន និងអង្គការសង្គមស៊ីវិលនៅតែបន្តរង់ចាំមើលថា៖ តើចំណាត់ការរបស់អាជ្ញាធរស្រុកពញាឮ បានអនុវត្តបែបណាដែរចំពោះការធ្វើសកម្មភាពដោយយកដី មកចាក់ហ៊ាចូលក្នុងបឹងរបស់រដ្ឋមួយកន្លែងខាងលើនោះ? តើម្ចាស់ទីតាំងដែលបានធ្វើសកម្មភាពនោះត្រូវបានអាជ្ញាធរស្រុកឱ្យកាយដីនោះឡើងវិញ ឬក៏យ៉ាងណា? ឬមានទោសទណ្ឌជាអន្តរកាលដែរឬយ៉ាងណា? នៅពេលដែលមានសកម្មភាពដូច្នោះ ចៀសវាងមានការរិះគន់ថា៖ អ្នកមានលុយមានអំណាចអាចធ្វើបាន
តែអ្នកក្ររហេងរហាមធ្វើមិនបាន ប្រសិនបើហ៊ានធ្វើនឹងប្រឈមមុខផ្លូវច្បាប់?
ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់យើង នឹងរង់ចាំទទួលយក ពីប្រភពពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការផ្សព្វផ្សាយបន្តសម្រាប់ឲ្យថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ បានជ្រាបអំពីរឿងរ៉ាវដែលកើតឡើងកាលពីថ្មីៗកន្លងមកនេះ ដោយបញ្ជាក់អំពីព័ត៌មានច្បាស់ៗពិតប្រាកដ មិនមែនជាព័ត៌មានក្លែងក្លាយដើម្បីលាតត្រដាងការពិត ក្នុងការចូលរួមជាមួយប្រទេសជាតិទាំងអស់គ្នាក្នុងការកាត់បន្ថយនូវអ្វីដែលជាទង្វើអវិជ្ជមានណាមួយ ឬសកម្មភាពណានោះដែលផ្ទុយអំពីច្បាប់បានកំណត់ជូនឲ្យពលរដ្ឋគ្រប់ៗគ្នាមានសិទ្ធិរស់នៅដោយស្របច្បាប់ និងអនុវត្តច្បាប់ឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ផងដែរ ៕
សូមអរគុណ។