ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ចំណាន រដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ និង ឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋាន ឃុំអង្គរអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៣ ស្ថិតក្នុងឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង រួមមាន ៖ ទី១- វត្តសុវណ្ណឧស្យាន , ទី២- វត្តសុវណ្ណសាមគ្គី, ទី៣- វត្តទួលសំពៅមាស ។ ព្រមជាមួយនេះ ដែរ ឯកឧត្តម រួមទាំងក្រុមការងារ បាននាំយកនូវទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃ និងមានអំណោយចែកជូនដល់លោកតា លោកយាយ និងពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នេះផងដែរ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ជា ចំណាន
រដ្ឋលេខាធិការ ក៏បានពាំនាំការសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ដល់លោកតា លោកយាយ បងប្អូន កូនក្មួយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ ចំពោះទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃទាំង៣វត្ត និងចែកអំណោយជូនលោកតា លោកយាយ និងវរកងទ័ពជួរមុខ រួមមាន ៖ ស្លាដក់៣, អង្ករ៩ប៉ាវ , ទឹកសុទ្ធ ចំនួន១៥កេស , ទឹកក្រូច៦កេស, ទឹកត្រី ចំនួន៦ឡូ , ឃីត ចំនួន60 , មានក្រម៉ា មួយចំនួន រួមទាំងថ្នាំពេទ្យចម្រុះ ជាច្រើនទៀតផងដែរ ព្រមទាំង ឧបត្ថម្ភវរកងទ័ពជួរមុខ ដែលរស់នៅ ក្នុងឃុំអង្គរអង្គ ក្នុង១នាក់ៗ ចំនួន៤០ ម៉ឺនរៀល និង ឧបត្ថម្ភជួសជុលទូកង ឈ្មោះ រតនៈសង្គមពង្សពាយអណ្ដែតសែនជ័យ នៅ វត្តសុវណ្ណឧទ្យាន ចំនួន ៦លានរៀល។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការ បានប្រសិទ្ធិពរជ័យ និងជូនបុណ្យកុសលដល់ទាំងឡាយ ដល់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមទាំងក្រុមការងារទាំងអស់ សូមជួបប្រទះនូវតែសេចក្តីសុខ សេចក្ដីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងសមប្រកបនឹងពុទ្ធពរទាំងឡាយបួនប្រការគឺ ៖ អាយុ វណ្ណ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ៕