ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃសម្រាំងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យអប់រំ ឆ្នាំ ២០២៥ ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ លោក-លោកស្រីនាយក-នាយិកាអនុវិទ្យាល័យដែលបានជាប់ចំណាត់ថ្នាក់ Top 5 ថ្នាក់ខេត្ត ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូរបស់ខេត្ត ក្នុងវិស័យអប់រំរួមមាន៖ អនុវិទ្យាល័យឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យសំប៉ាន ស្រុកកោះធំ អនុវិទ្យាល័យព្រះសីហនុរាជ ស្រុកខ្សាចកណ្តាល អនុវិទ្យាល័យគគីរ ស្រុកកៀនស្វាយ និងអនុវិទ្យាល័យឫស្សីជ្រោយ ស្រុកមុខកំពូល។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ-អ្នកគ្រូទាំង៥ អនុវិទ្យាល័យ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំធ្វើបទបង្ហាញជូនដល់ក្រុមការងារ ដើម្បីធ្វើការពិនិត្យវាយតម្លៃ បានយ៉ាងរលូន និងល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត លោកគ្រូ-អ្នកគ្រូ ត្រូវបន្តខិតខំហ្វឹកហាត់ក្នុងការធ្វើបទបង្ហាញឱ្យកាន់តែស្ទាត់ជំនាញ ត្រូវបង្ហាញឱ្យអស់ខ្លឹមសារចំខាន់ៗ និងចំនុចខ្លាំងរបស់សាលា ជាពិសេសត្រូវត្រៀមឆ្លើយសំនួររបស់គណៈកម្មការឱ្យបានល្អ ដើម្បីទទួលបានពិន្ទុខ្ពស់ក្នុងការចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ ជាងនេះទៅទៀតត្រូវចេះគ្រប់គ្រងពេលវេលាក្នុងការធ្វើបទបង្ហាញស្របតាមការកំណត់ផងដែរ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ក្រុមការងារខេត្ត ត្រូវជួយបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតទៅលើការធ្វើបទបង្ហាញ ដើម្បីរួមគ្នាកែសម្រួលឱ្យបានពេញលេញ។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់សាលា ត្រូវលើកឡើងចំណុចខ្វះខាត នៃសូចនាករដែលក្រសួងបានដាក់ចុះនៅក្នុងកិច្ចប្រជុំនេះ ដើម្បីក្រុមការងារជួយដោះស្រាយបំពេញបន្ថែមបានទាន់ពេលវេលា ជាពិសេសត្រូវកែសម្រួលស្លាយសម្រាប់ធ្វើបទបង្ហាញ ឱ្យមានលក្ខណៈងាយស្រួលមើល ទាំងខ្លឹមសារ និងទិន្នន័យច្បាស់លាស់ ។
សូមបញ្ជាក់ថា៖ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈការផ្តល់ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល គឺផ្អែកលើលក្ខណៈ វិនិច្ឆ័យ គោលធំៗចំនួន៨ចំណុច រួមមាន ៖ ទី១៖ ស្ដង់ដាសេវាសាធារណៈ ,ទី២៖ និយាមនៃការផ្ដល់សេវាសាធារណៈ ,ទី៣៖ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព ,ទី៤៖ ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្សនៅក្នុងអង្គភាព ,ទី៥៖ ការរៀបចំ និងកែលម្អបរិស្ថានអង្គភាព ,ទី៦៖ ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ ព្រមទាំងការចូលរួមវាយ តម្លៃពីអ្នកប្រើប្រាស់សេវាសាធារណៈ ,ទី៧៖ ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋនិងសហគមន៍ ,និងទី៨៖ ការផ្តួចផ្ដើមគំនិតថ្មីៗ និងនវានុវត្តន៍ ដើម្បីធ្វើឱ្យអង្គភាពមានដំណើរការកាន់តែប្រសើរ៕