ខេត្តព្រៃវែង ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគម ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្ត ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការ សេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។
ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥នេះ។
បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗគ្នា និងគ្រប់វ័យ ទាមទាឱ្យមានការប្រុងប្រយត្នខ្ពស់ ហើយការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នាព្រឹកនេះ ជាឱកាសមួយសម្រាប់ លោកតា លោកយាយ ពុកម៉ែ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋ បានដឹងអំពីសុខភាពរបស់ខ្លួន តាមរយៈការពិនិត្យ និងការប្រឹក្សាយោបល់ និងផ្តល់ព័ត៌មានផ្សេងៗអំពីការថែទាំសុខភាព ចាប់ពេលនេះតទៅមុខទៀត ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា បានតម្កល់ឆន្ទៈខ្ពស់ លើវិស័យ ចំនួន ២ ស្ដែងឡើង តាមរយៈការចំណាយថវិកា ច្រើនជាងវិស័យការពារជាតិ និងវិស័យមហាផ្ទៃ នោះគឺ៖ ទី១/. វិស័យអប់រំ ,និងទី២/. វិស័យសុខាភិបាល។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ៖ គោលនយោបាយនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា៖ ក្រុមការងារ និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋ នៅស្រុកពោធិ៍រៀង នាព្រឹកនេះ មានចំនួន ៥០៤នាក់ ៕