ចេញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥
ខេត្តកណ្តាល÷ ការពិតសំណង់កំពុងបុកគ្រឹះសង់ចូលទៅទន្លេមេគង្គ យ៉ាងរឹងមាំមួយកន្លែង
ក្នុង(ភូមិកោះរះ) គឺអត់មានច្បាប់អនុញ្ញាតនោះទេ! នេះបើតាមការបញ្ជាក់របស់ អាជ្ញាធរស្រុកល្វាឯម ប្រាប់បណ្តាញសារព័ត៌មានយើង។
សូមបញ្ជាក់ថា ÷ សំណង់ភូមិគ្រឹះដ៏រឹងមាំ និងធំស្គឹមស្កៃ មួយកន្លែងនេះ ស្ថិតនៅក្នុងភូមិកោះរះ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។
តាមប្រភពបងប្អូនប្រជាបានអោយដឹងកន្លងមក ថា ÷នៅរដូវទឹកតម្លើងនេះគេសង្កេតឃើញសំណង់នោះចាក់បេតុងរឹងមាំ បុកគ្រឹះលយចូលក្នុងទន្លេមេគង្គយ៉ាងវែងអន្លាយ។ បើតាមមើលទិដ្ឋភាពជាក់ស្ដែង ម្ចាស់ផ្ទះរៀបចំជាកន្លែងកំសាន្តរបស់ម្ចាស់ភូមិគ្រឹះនោះ! ដែលជាអ្នកមានទ្រព្យធនស្ដុកស្ដម្ភនៅរាជធានីភ្នំពេញ រីឯម្ចាស់សំណង់រឹងមាំនេះ គឺមិនមែនមិនដឹងអំពីទង្វើរបស់ខ្លួនបំពានច្បាប់ប្រទេសនោះទេ !!! ប៉ុន្តែទំនងជាអាងអំណាចឬ បក្សពួកនិយម ម្យ៉ាងទៀតសោតអាងខ្លួនជាអ្នកមានលុយស្តុកស្ដម្ភ ចាយលែងអស់ហើយ ទើបយកមកបោះក្នុងទន្លេបែបនេះ ដែលបងប្អូនប្រជាពលរដ្ឋលោកយល់ថា (គឺជាកំទេចលុយរបស់គេអ្នកមានតែប៉ុណ្ណោះ)។
អ្នកភូមិនៅជិតនោះប្រាប់ទៀតថា ÷ ម្ចាស់ទីតាំងបានព្យាយាមសង់សំណង់នេះម្ដងហើយ ម្ដងទៀត បើទោះបីជាវាបានបាក់ស្រុតចូលទន្លេម្ដងហើយម្ដងទៀត យ៉ាងណាក៏ដោយ។ អ្នកភូមិខាងលើបាននិយាយទៀតថា÷ នៅកន្លែងនេះច្រាំងវាចោទខ្លាំងណាស់ ដូច្នេះនៅពេលគេសង់ចាក់បេតុងចូលទៅ គឺវាតែងតែបាក់ស្រុតចូលទន្លេ ច្រើនដងមកហើយប៉ុន្តែម្ចាស់គេនៅតែព្យាយាមចាក់បេតុងឲ្យបានរឹងមាំ ដដែល ដើម្បីសង់លយចូលទន្លេម្ដងហើយម្ដងទៀត យ៉ាងដូច្នេះ។
អ្នកភូមិនៅតំបន់នោះរិះគន់ត្រង់ៗចំពោះម្ចាស់សំណង់រឹងមាំលយចូលទន្លេមេគង្គនេះថា ÷ ជាអ្នកមានទ្រព្យធន់ឬ ជាអ្នកមានអំណាចប៉ុន្តែមិនគោរពច្បាប់ប្រទេសជាតិ។ គេនិយាយបន្តទៀតថា÷ ប្រជាពលរដ្ឋយើងធម្មតា គឺមិនហ៊ានធ្វើយ៉ាងដូច្នេះទេ! ប៉ុន្តែសម្រាប់គេអ្នកមានលុយនិងមានអំណាចគេចង់ធ្វើអ្វីក៏បានដែរ តែបើយេីងជាប្រជាពលរដ្ឋធម្មតាវិញ ធ្វើតែប៉ុណ្ណេះមុខជាសមត្ថកិច្ច គេចុះមកហាមឃាត់ឬចាប់ផ្ដន្ទាទោសបាត់ទៅហើយ!!!។
ពាក់ព័ន្ធករណី សង់សំណង់ចូលទន្លេ នេះដែរ កន្លងមក
លោក លីវ វណ្ណថេង អភិបាលស្រុកល្វាឯម ថ្លែងប្រាប់អ្នកកាសែតឱ្យដឹងថា÷ អាជ្ញាធរស្រុក បានចុះទៅហាមឃាត់ច្រើនដងមកហើយ ប៉ុន្តែគេមិនគោរពតាមច្បាប់។ លោកបានបន្តថា÷ សំណង់នោះគ្មានច្បាប់ទេគឺគ្មាននរណាអនុញ្ញាតច្បាប់ឲ្យឡើយ។ ដូច្នេះហើយ អាជ្ញាធរបានចុះទៅហាមឃាត់ជាច្រើនដងមកហើយ ប៉ុន្តែម្ចាស់សំណង់មិនព្រមសហការនោះឡើយ។
បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា មជ្ឈដ្ឋាននានា សំុសំណូមពរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល សូម ឯកឧត្តម មេត្តាចាត់វិធានការ ឬក៏មន្ត្រីជំនាញខេត្ត ចុះពិនិត្យទីតាំង ម្ចាស់សំណង់ដ៏រឹងមាំ ផងឯកឧត្តម !!! សូមកុំវប្បធម៌នេះមាន ចំពោះតែអ្នកមានបុណ្យ , មានបុណ្យស័ក្ខខ្ពស់ៗ ឬ អាងខ្នងបង្កែកបក្សពួកនិយម ខណៈប្រជាពលរដ្ឋធម្មតាមិនអាចធ្វើដូច្នេះបាននោះឡេីយ។
អង្គកាពសារព័ត៌មានយើង មិនមានចេតនា ញុះញង់ ឬដាក់សម្ពាធ ដល់បុគ្គលឬក៏អង្គភាពណាមួយនោះឡើយ គឺគ្រាន់តែជូនដំណឹងពីមូលដ្ឋានទៅថ្នាក់លេីតែប៉ុណ្ណោះ និងរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា តាមច្បាប់ស្តីពីរបបសារព័ត៌មាន ៕ សូមអរគុណ