រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត ជាច្រើនន្ន្លែង នៅតាមបណ្តោយផ្លូវ (ឌឹកប្រីត ) ស្ថិតតាមបរិវេណផ្សារចិន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បង្ហាញថា ទីតាំងនេះបានទទួលភ្ញៀវយ៉ាងច្រើនកុះករ បែរជាអាជ្ញាធរមូលដ្ឋានមិនដឹងទៅវិញ! ក៏ប៉ុន្តែប្រហែលជាអាជ្ញាធរ និងសមត្ថកិច្ចជាប់រវល់បំពេញការងារទេមើលទៅ?។
យ៉ាងណាក៏ដោយ នេះគឺជាព័ត៌មានមួយដើម្បីជម្រាបដំណឹងឲ្យមន្ត្រី ឬអាជ្ញាធរមានកម្លាំងសមត្ថកិច្ចដើម្បីជ្រាបបន្ថែមទៀត ដើម្បីឲ្យបានដឹងបន្ថែមទៀត។
យោងតាមប្រភព ដែលអង្គភាពសារព័ត៌មានយើងទទួលបាន ទីតាំងខាងលើ គឺមានមនុស្សស្រី-ប្រុស ចាំឃ្លាំមើលផ្លូវ នៅពេលដែលអ្នកដែលចម្លែកចូលទៅលង គឺសម្រាប់តែភ្ញៀវអ្នកមានលុយ និងក្រុមពួកជនបរទេសមួយចំនួនដែលត្រូវការសប្បាយហើយ ក៏ព្រោះតែទីតាំងទាំងអស់នោះមានច្រើនប្រភេទណាស់ អាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដែលញៀនល្បែង ដែលមកជារៀងរាល់ថ្ងៃ ហើយជាការពិតប្រសិនបើយើងចង់កំសាន្ត និងលេងល្បែងផ្សេងៗទៀត យ៉ាងណាក៏អាចលេងបានដែរ សំខាន់បំផុតគឺអោយតែមានលុយទៅតាមខ្លួន។
តែទោះបីជាការបម្រើចំណងចំណូលចិត្ត របស់ភ្ញៀវ ដែលជាទីតាំងខុសច្បាប់ ដូចមានការរៀបរាប់ខាងលើ ដោយប្រុងប្រយ័ត្នយ៉ាងណាក៏ដោយ ក៏ត្រូវចាំថាដំរីងាប់មិនអាចយកចង្អេរទៅបាំងបាននោះទេ ។ មនុស្សច្រើនណាស់ដែលនិយាយអំពីល្បែងបំផ្លាញជីវភាពគ្រួសារ ល្បែងនាំឲ្យវិនាស ភាពសប្បាយនាំឱ្យប៉ះពាល់សង្គម សេចក្តីថ្លៃថ្នូរប្រទេសជាតិ និងល្បែងផ្សេងៗ នាំឱ្យមានអំពើហិង្សា កើតឡើងនៅក្នុងសង្គម និងនាំឱ្យបញ្ហាអន្តរាយប៉ះពាល់ដល់សង្គមជាតិក្នុងកិច្ចការដឹកនាំប្រទេសជាតិ ដែលផ្ទុយពីរាជរដ្ឋាភិបាលបានបម្រាមហាមមិនឲ្យលេងចំពោះពលរដ្ឋខ្មែរទាំងឡាយណា ឬក៏ទីតាំងទាំងឡាយណាបើកដូចទីតាំងខាងលើនេះ។
ចំពោះសាធារណជន ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់នោះ សូមគោរពចូលមក លោក កៀង ល័ក្ស អភិបាលនិងជាគណៈបញ្ជាការឯកភាពខណ្ឌចំការមន និង លោក វរសេនីយ៍ទោ ហួរ ម៉េងហួន អធិការនគរបាលខណ្ឌចំការមន សូមចាត់កម្លាំងដើម្បីចុះអធិការកិច្ចពិនិត្យមើលទីតាំងជាច្រេីនកន្លែងខាងលេីនេះ ដែលស្ថិតនៅក្នុងទីតាំង ល្បែងស៊ីសងគ្មានច្បាប់អនុញ្ញាត ជាច្រើនប្រភេទនិងច្រេីនទីតាំង នៅតាមបណ្តោយផ្លូវ (ឌឹកប្រីត ) បរិវេណផ្សារចិន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សូមចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមិ/ឃុំ មានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តន៏ ។
យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស៊ីណូស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា៖ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនា ញុះញង់,បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕
សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ÷ 017 240 250 / 012 676 287 សូមអរគុណ