ព័ត៌មានជាតិ

TOP NEWS: តុលាការ ចេញដីការរក្សាការពារលើ ដី និងផ្ទះ លោក គង់ គាំ ជាបណ្តោះអាសន្ន

TOP NEWS: តុលាការ ចេញដីការរក្សាការពារលើ ដី និងផ្ទះ លោក គង់ គាំ ជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២​ ខែមករា ឆ្នាំ២០២៣នេះ បានចេញដីកាមួយរក្សាការពារដី និងផ្ទះរបស់ លោក គង់ គាំ នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបណ្តោះអាសន្នហើយ។

ការចេញដីការរក្សាការពារនេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលស្នើឱ្យតុលាការចេញដីការរក្សាការពារលើដីនោះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

តាមដីការបស់តុលាការ ដែលបណ្តាញព័ត៌មានទទួលបាន ពាក់ព័ន្ធនឹងបណ្តឹងនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដូចតទៅ៖

១៖ ហាមឃាត់សហកូនបំណុលឈ្មោះ គង់ គាំ និងភរិយាឈ្មោះ សៀក អយ មិនឱ្យធ្វើការចាត់ចែង លក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ (ដី និងអាគារ) ដែលមានលេខក្បាលដី ១១៣ មានទំហំ ៥២៩០ (ប្រាំពាន់ពីររយកៅសិប)ម៉ែត្រការ៉េ ស្ថិត នៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០១០១០៥-០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន ។

២៖ ឱ្យសហកូនបំណុលទទួលបន្ទុកប្រាក់ប្រដាប់ក្តី។

សូមបញ្ជាក់ថា ក្រៅពីដាក់ពាក្យប្តឹង ឱ្យតុលាការចេញដីការរក្សាការពារលើដី និងផ្ទះខាងលើនេះ ក្រសួងការបរទេស ក៏បានដាក់ពាក្យប្តឹងសុំឱ្យតុលាការចេញសាលក្រមឱ្យ លោក គង់ គាំ ប្រគល់ដី និងផ្ទះនោះ មកឱ្យក្រសួងការបរទេសវិញផងដែរ។

នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវរឿងបន្លំធ្វើបណ្ណកម្មសិទ្ធិដីក្រសួងការបរទេស ដែលលោក គង់ គាំ កំពុងស្នាក់នៅនាពេលប្ចុច្បន្នផងដែរ៕

crt

Leave a Reply

Your email address will not be published.