ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការរៀបចំ និងដំណើរសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព», ព្រឹកស្អែកសម្ដេចតេជោ នឹងអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ និងសំណេះសំណាលជាមួយកម្មករសំណង់

រដ្ឋមន្ដ្រីសុខាភិបាល ចុះពិនិត្យការរៀបចំ និងដំណើរសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព», ព្រឹកស្អែកសម្ដេចតេជោ នឹងអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ និងសំណេះសំណាលជាមួយកម្មករសំណង់

ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហង និងថ្នាក់ដឹកនាំ រួមទាំងមន្ដ្រីពាក់ព័ន្ធ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានចុះពិនិត្យការរៀបចំ និងដំណើរការដ្ឋានសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនេះ ដើម្បីត្រៀមជាស្រេច ក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អគារមន្ទីរពេទ្យ «តេជោសន្ដិភាព» ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ១,២០០នាក់ នៅស្អែកព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ម៉ែត្រការ៉េ អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ។ អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) សរុបចំនួនគ្រែអ្នកជំងឺពីអគារ (H1 ដល់ H7) មានចំនួន ៩,៤៩៦គ្រែ, គ្រែបុគ្គលិកពេទ្យប្រចាំការ ចំនួន៤៦គ្រែ, គ្រែបុគ្គលិកស្នាក់នៅ ចំនួន២០៦គ្រែ។

អគារនេះ ក៏មានចំណតរថយន្ត (P) មានផ្ទៃក្រឡា ៧,០២៦ម៉ែត្រការ៉េ ចតរថយន្តបានចំនួន២១០គ្រឿង។ សួនច្បារ (G3) មានសួនបៃតង ៤,៤៩០ម៉ែត្រការ៉េ។ អគារផ្គត់ផ្គង់ និងព័ត៌មាន (A) មានទំហំ២,៨៣៥ ម៉ែត្រការ៉េ អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានតែសរុបចំនួន ២៣៤គ្រែ។ សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ដោយមានឈ្មោះថា «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព»។មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។

«មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺ ដោយមិនមានការព្រួយបារម្ដនោះទេ ដោយមន្ទីរពេទ្យនេះ បំពាក់សម្ភារៈ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដារ៕

crt

Leave a Reply

Your email address will not be published.