ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ បេសកកម្មអ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ

សម្តេចតេជោ ហ៊ុន សែន៖ បេសកកម្មអ៊ុនតាក់ មិនបានបញ្ចប់សង្គ្រាមនៅកម្ពុជា តាមបំណងកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទេ

 

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីបេសកកម្មរបស់ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា «អ៊ុនតាក់» កាលពីជាង៣០ឆ្នាំមុន ដែលមិនបានបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាឡើយតាមបំណងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ ក្រោយពេលបញ្ចប់បេសកកម្មរបស់ពួកគេ។

 

អ៊ុនតាក់​ ត្រូវ​បាន​បង្កើត​ឡើង​នៅខែកុម្ភៈ ឆ្នាំ១៩៩២ ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស។ បេសកកម្មរបស់អ៊ុនតាក់ បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៩២ ដល់​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដើម្បី​ស្ដារ​ប្រទេសជាតិ​ឡើង​វិញ និង​ចាប់ផ្តើម​សករាជ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថិរភាព​ថ្មី​មួយ​ឡើង​វិញ។ ប៉ុន្តែអ៊ុនតាក់បានបរាជ័យ ក្នុងការដកហូតអាវុធពីខ្មែរក្រហម ហើយខ្មែរក្រហមក៏ពុំបានចូលរួមនៅក្នុងការបោះឆ្នោតនេះទេ និងបានកាន់កាប់ នៅភាគខាងលិចប្រទេស ចំណុចព្រំដែនកម្ពុជា-ថៃ។

 

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖

 

«អ្វីដែលចង់បានក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយអ៊ុនតាក់មិនអាចសម្រេចបាន គឺអ៊ុនតាក់ដកចេញត្រឡប់ទៅវិញ ទុកឱ្យខ្មែរមានសង្គ្រាមនៅឡើយទេ»។

 

សម្តេចបានរំលឹកថា រដ្ឋាភិបាលនាពេលកន្លងទៅ ក៏ធ្លាប់បានសាកល្បងប្រើកម្លាំងយោធា រាប់ទាំងការវាយចូលតំបន់ប៉ៃលិននៅមុនចូលឆ្នាំខ្មែរ ប៉ុន្តែទីចុងបំផុតមិនអាចឈរជើងនៅទីនោះបានទេ ដែលត្រូវដកថយត្រឡប់មកវិញ។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់មកសម្តេចបានដាក់ចេញនយោបាយឈ្នះឈ្នះ នៅឆ្នាំ១៩៩៦ ដោយមានគោលដៅសំខាន់៣ ដោយក្នុងនោះមាន៖ ទី១៖ ធានាជីវិត និងរូបកាយរបស់ពួកគេ (អ្នកផ្តាច់ខ្លួន មិនត្រូវបានចាប់ចង និងសម្លាប់នោះទេ), ទី២៖ ធានាមុខរបរ និងការងារ (នរណាដែលមានមុខរបរ ឬការងារ ក្នុងពេលធ្វើជាខ្មែរក្រហម គឺបន្តធ្វើដដែល) និងទី៣៖ ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ពួកគេ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។

 

«ចំណុចទាំង៣នេះគឺគ្រប់គ្រាន់ ដើម្បីធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមរលំរលាយ»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ។

 

នយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ បានទទួលជោគជ័យទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅពេលដែលមេដឹកនាំខ្មែរក្រហមបានមកជួបចរចាជាមួយ សម្តេចនៅផ្ទះរបស់សម្តេចឯក្រុងតាខ្មៅ ដើម្បីបញ្ចប់សង្គ្រាមទាំងស្រុង ហើយនាំមកនូវសន្តិភាពពេញលេញ៕

crt

Leave a Reply

Your email address will not be published.