ព័ត៌មានជាតិ

ហ្វីលីពីន ស្នើសុំជំនួយពីសហរដ្ឋអាមេរិក និងជប៉ុន ខណៈប្រេងដែលលិចធ្លាយរាលដាល កាន់តែខ្លាំង

ហ្វីលីពីន ស្នើសុំជំនួយពីសហរដ្ឋអាមេរិក និងជប៉ុន ខណៈប្រេងដែលលិចធ្លាយរាលដាល កាន់តែខ្លាំង

 

ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បាននិយាយថាខ្លួនបានស្នើសុំជំនួយពីជប៉ុន និងសហរដ្ឋអាមេរិក ខណៈពួកគេកំពុងព្យាយាមគ្រប់គ្រង និងសម្អាតប្រេងដែលរសាត់អណ្ដែត លើផ្ទៃទឹកសមុទ្រអស់រយៈពេលជាង១០ថ្ងៃមកនេះ ក្រោយការលិចកប៉ាល់ដឹកប្រេងមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣។

 

កប៉ាល់ដឹកប្រេងមានឈ្មោះថា The Princess Empress បានផ្ទុកប្រេង ៨០០,០០០លីត្រ នៅពេលដែលវាបានលិចនៅឯតំបន់សមុទ្រនៃកោះ Mindoro ស្ថិតនៅភាគខាងត្បូងរដ្ឋធានី ម៉ានីលកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។ បច្ចុប្បន្ន កប៉ាល់នេះត្រូវបានគេជឿជាក់ស្ថិតនៅក្រោមរលកសមុទ្រជម្រៅ ៤០០ម៉ែត្រ ប៉ុន្តែខាងអាជ្ញាធរហ្វីលីពីនសារភាពថាមិនមាន សមត្ថភាពស្រង់កប៉ាល់ និងសម្អាតប្រេងចេញពីផ្ទៃទឹកសមុទ្រនោះទេ។

 

បើតាមអាជ្ញាធរហ្វីលីពីន ជប៉ុនបានបញ្ជូនកងកម្លាំងឆ្មាំសមុទ្រមួយក្រុមមកកាន់រដ្ឋធានីម៉ានីល ដើម្បីគាំទ្រដល់ការស៊ើបអង្កេតលើករណីលិចកប៉ាល់ដឹកប្រេង ក៏ដូចជាណែនាំពីរបៀប សម្អាតប្រេងចេញពីផ្ទៃទឹកសមុទ្រ។ រដ្ឋាភិបាលទីក្រុងម៉ានីល ក៏បានស្នើសុំជំនួយពីសហរដ្ឋអាមេរិកផងដែរ តែមិនមានការបញ្ជាក់លម្អិតនោះទេ រីឯខាងស្ថានទូតអាមេរិកប្រចាំរដ្ឋធានី ម៉ានីល ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។

 

គួរបញ្ជាក់ថា បើតាមក្រសួងបរិស្ថានហ្វីលីពីន ការលិចធ្លាយប្រេងចេញពីកប៉ាល់ The Princess Empress បានបង្កផលប៉ះពាល់លើផ្ទៃទំហំ ២,៥០០ហិកតា នៃតំបន់ថ្មប៉ប្រះទឹក កោះ Mindoro ខណៈគេមិនទាន់ដឹងថាតើមានប្រេងទំហំប៉ុនណាដែលលិចធ្លាយចូលទឹកសមុទ្រនោះទេ។ ចំណែកឯ មនុស្សរាប់សិបនាក់រស់នៅក្នុងតំបន់កើតហេតុ ត្រូវបានរាយការណ៍ថា បានធ្លាក់ខ្លួនឈឺផងដែរ៕

crt

Leave a Reply

Your email address will not be published.