ព័ត៌មានសន្តិសុខសង្គម

ក្រុមអាជីវករផ្សារស្ពឺ ស្រុកចំការលើ ផ្អើលឈុល ចោទមេតុងទីនវេចលុយ៥០លានដុល្លាររត់បាត់?

ខេត្តកំពង់ចាម ៖ ក្រុមអាជីវករលក់ដូរនៅផ្សារស្ពឺ ឃុំស្ពឺ ស្រុកចម្ការលើ បានភ្ញាក់ផ្អើលឆោឡោ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយសារតែមេតុងទីនឈ្មោះ សាន សុវណ្ណាលីស អាយុ៣១ឆ្នាំ រួមនឹងប្ដី បានរត់គេចខ្លួនបាត់ចេញពីតូបលក់ដូររបស់ខ្លួន រួមទាំងលុយដែលឆបោកពីអាជីវករ និងប្រជាពលរដ្ឋ មានរហូតដល់ជាង៥០លានដុល្លារឯណោះ ។

គេមិនដឹងថា មេតុងទីនរូបនេះគេចខ្លួនទៅដល់ណាទេ ចំណែកសមត្ថកិច្ចវិញ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនមេតុងទីនរូបនេះ ប៉ុន្តែចំនួនលុយមិនដឹងថា តើមានជាង៥០លានដុល្លារដែរឬក៏អត់ ?

លោក ឡាយ ម៉េងលី អ្នករងគ្រោះមួយរូបបានរៀបរាប់ថា គាត់លេងតុងទីនជាមួយនឹងស្ត្រីរូបនេះ ដោយក្នុងមួយក្បាលត្រូវបង់២០ដុល្លារក្នុងមួយថ្ងៃ ។ គាត់ចាប់ផ្ដើមលេងតាំងពីខ្សែទី១រហូតដល់ខ្សែទី៥២ គឺលេងបានការប្រាក់ដោយត្រូវបង់តែចំនួន១៧ដុល្លារប៉ុណ្ណោះ ហើយចំនួនថ្ងៃដែលត្រូវលេងមានរហូតដល់៤៨ថ្ងៃ ។

លោក ម៉េងលី និយាយទៀតថា ការលេងតុងទីននេះ គឺតាមបណ្ដាញសង្គមហ្វេសប៊ុករបស់មេតុង ទីនឈ្មោះ សាន សុវណ្ណាលីស ដែលមានអាស័យដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំពោះគោលការណ៍ តុងទីនក្បាល២០ដុល្លារ មានរហូតដល់ ១៥ចំណុច ក្នុងនោះរួមមាន ៖

១-បង់ប្រាក់ឱ្យបានទៀងទាត់មុនម៉ោង៦ល្ងាច បើលើសពិន័យមួយក្បាល៥ដុល្លារ បើមិនបង់លុយពិន័យទេ គាត់ទុកពេលកើប ។
២-ក្នុងករណីបង់យឺត មេបិទមិនឱ្យដេញ ។
៣-ករណីកូនៗលេងតែ១ក្បាលមិនទាន់មានសិទ្ធិដេញភ្លាមៗបានទេ ។
៤-ករណីកូនៗលេងចំនួន២ក្បាលគឺដេញបានមួយ ។
តាមដំណឹង មេតុងទីនស្រីរូបនេះរួមជាមួយប្ដីបានបាត់ចេញពីផ្សារស្ពឺតាំងតែថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយឮថាចេញទៅឆេងម៉េង ហើយផ្ទះសព្វថ្ងៃនៅជិតផ្សារស្ពឺ គឺជាផ្ទះរបស់ឪពុកម្ដាយបង្កើតរបស់ស្ត្រីរូបនេះ ។

លោក ម៉េងលី បន្តថា ចំពោះបងប្អូនអាជីវករលក់ដូរ រួមទាំងប្រជាពលរដ្ឋដែលលេងតុងទីន មានគ្នាសរុបក្នុងចន្លោះពី ៣០០នាក់ ទៅ ៥០០នាក់ ហើយលុយក្នុងម្នាក់ៗដែលចាញ់បោក មានរង្វង់ ២ ០០០ដុល្លារ ទៅ ៣០០០ដុល្លារ តែអ្នកខ្លះរហូតដល់៥០ម៉ឺនដុល្លារក៏មានដែរក្នុងម្នាក់ ។ សម្រាប់រូបគាត់វិញ លេងតុងទីននេះ គឺត្រូវបង់តាមប្រព័ន្ធធនាគារឯកជន ខ្លះលេងតាមអនឡាញ ។ ចំពោះផែន ការ ដែលមេតុងទីនរៀបចំក្រឡាឆបោកនេះ បានលេចរូបរាងតាំងពីមួយខែមុនម៉្លេះ គឺផ្ទះនៅឯភ្នំពេញ ត្រូវបានគេលក់ និងដូរពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីបង្វែងដានកុំឱ្យបងប្អូនអាជីវករស្គាល់ ។

មុនពេលមានការភ្ញាក់ផ្អើលរឿងមេតុងទីននេះរត់គេចខ្លួន គឺមេតុងទីននិងប្ដីបានបើករថយន្តចេញពីរាជធានីភ្នំពេញនាពេលទៀបភ្លឺ មកដល់ផ្សារស្ពឺ ស្រុកចម្ការលើភ្លឺល្មម បើកតូបលក់ថ្នាំពេទ្យជាធម្មតា ។ តាមអ្វីដែលរូបគាត់ដឹង ការលេងតុងទីន គឺក្នុងរង្វង់១ឆ្នាំទៅ២ឆ្នាំនេះ ហើយក្នុងមួយថ្ងៃបង់២០ដុល្លារ គាត់បានបង់រហូតដល់ចំនួន ១៧.០០០ដុល្លារ ។
ជាក់ស្ដែង នៅព្រឹកព្រលឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ពេលមានការភ្ញាក់ផ្អើលឆោឡោនៅផ្សារស្ពឺ ដឹងថាមេតុងទីនរូបនេះរត់គេចខ្លួន ធ្វើឱ្យម្នាក់ៗស្រឡាំងកាំងមិនដឹងទៅទារលុយពីអ្នកណា ចំណែកផ្ទះវិញនៅឯភ្នំពេញឯណោះ ។ ឯផ្ទះនៅជិតផ្សារស្ពឺ ស្រុកចម្ការលើ គឺជាផ្ទះឪពុកម្ដាយបង្កើតរបស់មេតុងទីនរូបនេះប៉ុណ្ណោះ ។ បន្ទាប់មក បងប្អូនអាជីវករ ត្រូវបានសមត្ថកិច្ចហៅមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ ហើយសម្រាប់រូបគាត់ គឺចង់បានតែលុយដើមត្រឡប់មកវិញប៉ុណ្ណោះ និងសូមឱ្យចាត់ការមេតុងទីននេះតាមច្បាប់ ។
អាជីវករម្នាក់ទៀតឈ្មោះ ប៉ុក រដ្ឋមុនី ភេទស្រី អាយុ៣១ឆ្នាំ រៀបរាប់ថា គាត់លេងតុងទីនក្នុងមួយក្បាលបង់ ២០ដុល្លារ នៅតូបលក់ថ្នាំពេទ្យរបស់មេតុងទីនឈ្មោះ សុវណ្ណាលីស នៅក្នុងបរិវេណផ្សារស្ពឺ ហើយមានពេលខ្លះបង់មួយថ្ងៃ ២០០ដុល្លារក៏មាន ។ គាត់ចាប់ផ្ដើមលេងតុងទីននៅក្នុងអំឡុងខែតុលា ឆ្នាំ២០២៣ បន្តរហូតមកដល់សព្វថ្ងៃ ។
លុះពេលគាត់ដេញបាន មេតុងទីនក៏បានបង់លុយឱ្យមកគាត់ដោយលើកឡើងថា ប្រាក់នៅក្នុងកុង(គណនី)មានកំណត់ ដូច្នេះក្នុងម្នាក់ឱ្យបានខ្លះ ២.០០០ដុល្លារ ទៅ៣.០០០ដុល្លារ ។

លុះរយៈពេល៤ទៅ៥ថ្ងៃក្រោយមក ក៏ស្រាប់តែមានហេតុការណ៍ចលាចលថាមេទុងទីនស្រីរូបនេះរត់បាត់ ។ គាត់ក៏បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើដែរ ចំពោះប្រាក់របស់គាត់ មានប្រមាណ១២ម៉ឺនដុល្លារ ធ្វើយ៉ាងណាឱ្យបានលុយថ្លៃដើមត្រឡប់មកវិញ និងរំពឹងថា សមត្ថកិច្ចនឹងជួយរកយុត្តិធម៌ជូនដល់ក្រុមជនរងគ្រោះ ។
តាមប្រភពចុងក្រោយ ជិតម៉ោង៣រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អាជីវករដែលបានមក ដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ មានចំនួន៥០នាក់ ។ ចំណែកចំនួនតួលេខដែលថាចាញ់បោកអស់ប្រមាណ៥០លានដុល្លារនោះ អាចមិនមានចំនួនច្រើនដល់ថ្នាក់នេះទេ ។ ពេលនេះ នគរបាលស្រុកកំពុងសហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ត ធ្វើការស៊ើបអង្កេត និងស្វែងរកការពិត និងរកយុត្តិធម៌ជូនភាគីរងគ្រោះ ៕

crt

Leave a Reply

Your email address will not be published.