ព័ត៌មានជាតិ

គណៈមេធាវីកម្ពុជា ដាក់ពាក្យប្ដឹងលោក ដេវិដ ឆាយណាយវ៉ា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

គណៈមេធាវីកម្ពុជា ដាក់ពាក្យប្ដឹងលោក ដេវិដ ឆាយណាយវ៉ា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

 

(ភ្នំពេញ)៖ គណៈមេធាវី បានសម្រេចដាក់ពាក្យប្ដឹងបុគ្គលឈ្មោះ ដេវិដ ឆាយណាយវ៉ា ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានប្រព្រឹត្តអំពើក្លែងឋានៈជាមេធាវី ផ្ដល់យោបល់ផ្នែកច្បាប់ ក្នុងនាមជាមេធាវី និងជេរប្រមាថជាសាធារណៈមកលើគណៈមេធាវី។

 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈមេធាវី បានឲ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវិដ ឆាណាយវ៉ា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ កូន មានវាសនា បានអះអាងថាខ្លួនជាមេធាវី ទាក់ទងនឹងការបកស្រាយរឿងក្តីមួយ។ ពេលនោះគណៈមេធាវីបានចេញសេចក្តីប្រកាសព័ត៌មានបដិសេធថា ឈ្មោះ ដេវិដ ឆាណាយវ៉ា មិនមែនជាមេធាវី។

 

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ គណៈមេធាវីទទួលបានលិខិតបំភ្លឺពីឈ្មោះ ដេវិដ ឆាណាយវ៉ា ដោយបានចេញមុខសុំទោសជាសាធារណៈ និងសុំអំពាវនាវដល់សាធារណជនកុំឲ្យ មានការយល់ច្រឡំតទៅទៀត ពីព្រោះខ្លួនមិនមានឈ្មោះជាមេធាវីនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទេ។

 

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានប្រើគណនីហ្វេសប៊ុក (Facebook) ឈ្មោះ David S. chanaiwa បង្ហោះលិខិតមួយច្បាប់ដែលនៅក្នុងលិខិតនោះ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានបន្តប្រើឋានៈជាមេធាវី និងបានលើកឡើងថា ខ្លួនបានប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ភាគីវិវាទពាក់ព័ន្ធនឹងវិវាទដីធ្លី។ ដោយមើលឃើញថា ឈ្មោះ ដេវិដ ឆាណាយវ៉ា នៅតែបន្តប្រើឋានៈជាមេធាវី និងបានផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ ក្នុងនាមជាមេធាវីនៅពេលដែលខ្លួនពុំមែនជាមេធាវី។

 

គណៈមេធាវីបានចេញសេចក្តីប្រកាសព័ត៌មានដោយទាមទារឲ្យឈ្មោះ ដេវិដ ឆាណាយវា បញ្ឈប់សកម្មភាពដែលនាំឲ្យមានការភាន់ច្រឡំថា ខ្លួនជាមេធាវីដែលមានសិទ្ធិប្រកបវិជ្ជាជីវៈ តែឈ្មោះ ដេវិដ ឆាណាយរ៉ា មិនត្រឹមតែមិនបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួនទេ បែរជាឈ្មោះ ដេវិដ ឆាណាយវ៉ា បានទាមទារឲ្យគណៈមេធាវីកែតម្រូវសេចក្តីប្រកាសព័ត៌មាន និងបានបង្ហោះវីដេអូក្នុងហ្វេសប៊ុក (Facebook) ឈ្មោះ David S. chanaiwa ដោយធ្វើការប្រមាថមកលើស្ថាប័នគណៈមេធាវីថែមទៀត៕

crt

Leave a Reply

Your email address will not be published.